គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានរបស់ក្រុមហ៊ុនខនហ្វីរេលក្នុងទិវាបិទគម្រោង Harvest II

កាលបរិច្ឆេទ: ១០ មិថុនា ២០២២ / ម្ហូបអាហារ

គម្រោងអភិវឌ្ឍន៍កសិកម្ម Harvest II ដែលត្រូវបានដាក់ឲ្យដំណើរការអស់រយៈពេលប្រាំឆ្នាំដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិជាមួយនឹងថវិកា២១លានពីរសែនដុល្លារ បានឈានដល់ទីបញ្ចប់ហើយកាលពីខែមុន។ បើតាមការឲ្យដឹងរបស់ម្ចាស់គម្រោង គម្រោងនេះបានផ្តល់អត្ថប្រយោជន៍រាប់លានដុល្លារទៅដល់អតិថិជន និងអ្នកផ្គត់ផ្គង់ ព្រមទាំងជួយផ្តល់ការងារទៅដល់មនុស្សជាង២៥០០នាក់ផងដែរនៅក្នុងវិស័យនេះ។​ ក្នុងចំណោម១២០០ក្រុមហ៊ុនសហគ្រាសដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះក៏មានក្រុមហ៊ុនខនហ្វីរេលផងដែរ។

គម្រោង Harvest II មានបេសកកម្មស្វែងរកចំណុចខ្សោយនៅក្នុងទំនាក់ទំនងរវាងកសិករ និងអតិថិជន និងបានបង្កើតភាពជាដៃគូរវាងភាគីទាំងពីរដោយឆ្លើយតបទៅនឹងតម្រូវការទាំងសងខាង។ បញ្ហាគឺនៅត្រង់អ្នកទិញចង់បានទំនិញដែលមានគុណភាពខ្ពស់ជាង និងបរិមាណច្រើនជាងអ្វីដែលកសិករបានផ្តល់។ រីឯកសិករវិញគឺចង់បានតម្លៃខ្ពស់ជាង និងចង់មានទីផ្សារច្រើនជាងនេះ។ លោកស្រី Nimish Jhaveri អ្នកទទួលខុសត្រូវគម្រោង Harvest II មានប្រសាសន៍កត់សម្គាល់យ៉ាងដូច្នេះ៖ «ដំបូងឡើយគោលបំណងចម្បងរបស់យើងគឺធ្វើការជាមួយកសិករ ប៉ុន្តែនៅពេលដែលយើងមើលទំនាក់ទំនងរបស់កសិករជាមួយទីផ្សារ យើងកត់សម្គាល់ឃើញថា កសិករចង់បានអ្នកទិញថែមទៀត ចំណែកឯអ្នកទិញវិញគឺចង់បានកសិករច្រើនជាងនេះ»។

បើនិយាយពីទំនាក់ទំនងរវាងអ្នកផលិត អ្នកទិញ និងអ្នកកែច្នៃវិញ វិបត្តិជំងឺកូវីដគឺជាឱកាសល្អមួយសម្រាប់គម្រោងនេះ ព្រោះថាការបិទច្រកព្រំដែនបានជំរុញឲ្យអ្នកទិញ និងអ្នកចែកចាយងាកមកចាប់អារម្មណ៍លើទីផ្សារក្នុងស្រុកវិញម្តង ពោលគឺលែងចាប់អារម្មណ៍លើទីផ្សាររបស់ប្រទេសជិតខាងទៀតហើយ។

ម្យ៉ាងវិញទៀត គម្រោង Harvest II បានបណ្តុះបណ្តាលកសិករឲ្យយល់ដឹងពីការអនុវត្តកសិកម្មល្អ បានផ្តល់មូលនិធិសម្រាប់បច្ចេកវិទ្យាថ្មី និងបានបង្រៀនកសិករឲ្យចេះប្រើបច្ចេកវិទ្យាថ្មីនេះ ព្រមទាំងបានបង្កើនផលិតភាព និងប្រាក់ចំណេញសម្រាប់អ្នកទិញ និងកសិករ។

គម្រោងនេះក៏បានចូលរួមអភិវឌ្ឍលើផ្នែកទាំងបួនផងដែរគឺ ផ្នែកផ្លែស្វាយ ផ្លែមៀន បន្លែ និងគ្រាប់ស្វាយចន្ទី។ អ្នកទទួលខុសត្រូវទាំងអស់របស់គម្រោង Harvest II បានសម្តែងក្តីសោមនស្សយ៉ាងដូច្នេះ៖ «នេះជាលើកទីមួយហើយដែលសង្វាក់ផ្គត់ផ្គង់ផ្ទាល់ត្រូវបានបង្កើតឡើង ពោលគឺផលិតផលត្រូវបានចែកចាយដោយអ្នកផលិតទៅដល់ដៃអ្នកប្រើប្រាស់ផ្ទាល់»។

ក្រុមហ៊ុនខនហ្វីរេលទទួលបានជំនួយពីគម្រោងនេះសម្រាប់ការកែច្នៃផ្លែស្វាយ។ «យើងសង្កេតឃើញថា ផ្លែស្វាយស្រស់ដែលកសិករយើងប្រមូលផលបានមានចំនួនច្រើនលើសលប់ ប៉ុន្តែភាគច្រើនជាស្វាយដែលមានគុណភាពអន់ និងមិនត្រូវបានយកទៅកែច្នៃឡើយ។ ទីបញ្ចប់ តម្លៃក៏ធ្លាក់ចុះខ្លាំង ហើយទិន្នផលមួយចំនួនត្រូវបានចាក់ចោល»។ នេះជាការពន្យល់របស់អ្នកនាងសាង សុភា ប្រធានគម្រោងនៅក្រុមហ៊ុនខនហ្វីរេល នៅក្នុងកម្មវិធីបិទគម្រោង ដែលរូបអ្នកនាងផ្ទាល់បានចូលរួមដើម្បីធ្វើការបង្ហាញពីការងាររបស់អ្នកនាងជាមួយគម្រោង Harvest II ។ «នៅក្នុងក្របខណ្ឌគម្រោងនេះ យើងបានរៀបចំវគ្គបណ្តុះបណ្តាលមុនពេលប្រមូលផល និងក្រោយពេលប្រមូលផលសម្រាប់កសិករ ដើម្បីបង្កើនគុណភាពផលិតផ្លែស្វាយ។ ផ្លែស្វាយគ្រប់គុណភាពត្រូវបានទិញ និងកែច្នៃទៅជាផលិតផលផ្សេងៗដូចជា chips (បន្ទះស្តើងៗបំពងស្រួយដូចដំឡូងបារាំង) ដំណាប់ស្វាយកិនម៉ត់ និងដំណាប់ស្វាយរមូរ  និងអាចរក្សាទុកបានយូរជាងផ្លែស្វាយស្រស់ ព្រមទាំងទទួលបានតម្លៃបន្ថែមនៃផលិតផលទៀតផង។ តំណាក់កាលបន្ទាប់របស់គម្រោងដែលមានឈ្មោះថា Agriculture Partnership Hub នឹងផ្តោតទៅលើការពង្រឹងភាពជាដៃគូជាមួយទីផ្សារបុរាណ និងទំនើប និងផ្តោតលើការគាំទ្រទីផ្សារនាំចេញដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង៕